១. សេចក្តីផ្តើម
ពាក្យថា Vaginal discharge ដែលអាចប្រែជាភាសាខ្មែរថាធ្លាក់ស គឺសំដៅលើវត្ថុរាវ ឬជាទឹករំអិលដូចសំបោរដែលហូរចេញមកតាមទ្វាមាស។ វត្ថុរាវនេះកើតឡើងដោយកោសិការស្បែកនៅតាមបណ្តោយទ្វាមាស និងមាត់ស្បូនក្រោមឥទ្ធិពលរបស់ជាតិអ័រម៉ូនរបស់ស្រ្តីដែលគេហៅថា អឺស្ត្រូហ្ស៊ែន (Estrogen)។ វត្ងុរាវនោះក៏អាចជាទឹករំអិលឬសំបោរ និងអង្គធាតុរាវដែលផលិតដោយយោនី និងមាត់ស្បូនផងដែរ។ ក្នុងសារធាតុរាវនោះ មានផ្ទុកពួកបាក់តេរីដែលមិនបង្ករបញ្ហាដល់មនុស្សឡើយ។ ជារៀងរាល់ថ្ងៃ ចំពោះស្រ្តីក្នុងអាយុមានរដូវអាចបញ្ចេញទឹករំអិលពណ៌ស ឬថ្លានេះប្រមាណពីកន្លះទៅមួយស្លាបព្រាកាហ្វេ (ពី២ទៅ៥មីលីលីត្រ)។ ទឹករំអិលនោះ ភាគច្រើនគ្មានក្លិន ឬមានក្លិនខ្សោយ ហើយអាចឱយមានរមាស់ឬក្រហាយតិចតួចនៅលើទ្វាផង។ ចំណែកស្រីពេញរូបរាង ឬគ្រប់ការ បរិមាណនៃសារធាតុរំអិលឬសនេះប្រែប្រួលទៅតាមកាលវេលានៃវដ្តរដូវ។ សារធាតុរំអិលឬសដែលធ្លាក់នេះនឹងកើនបរិមាណ ឬមានចំនួនគួរឱយកត់សំគាល់នៅក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកប្រើថ្នាំពន្យាកំណើត ដាក់កង (Intrauterine Device or IUD) ពេលមានធ្លាក់មេជីវិតញីឬអូវុល (Ovulation ជាពេលដែលស្ត្រីអាចទទួលមេជីវិតឈ្មោលដើម្បីបង្ករកំណើត ឬពេលដែលអាចមានផ្ទៃពោះបាន) និងមួយសប្តាហ៍មុនពេលធ្លាក់រដូវ។ មុនមានធ្លាក់អូវុលនេះ សារធាតុរាវឬសដែលធ្លាក់មកនោះមានសភាពខាប់ស្អិត និងពណ៌ល្អក់ឬស។ ភ្លាមៗ បន្ទាប់ពីចប់វដ្តរដូវ អាការៈធ្លាក់សនេះអាចមានតិចតួចបំផុត ឬគ្មានសោះតែម្តង។ ចំពោះស្ត្រីដែលជិតអស់រដូវ ពួកគេមិនសូវមានអាការៈធ្លាក់សនេះទេដោយសារតែកំរិតអ័រម៉ូនEstrogenចុះទាប។

សរីរាង្គបន្តពូជស្ត្រី 
រន្ធយោនី ពីទ្វាមាសទៅមាត់ស្បូន 
ទ្វាមាស ឬសរីរាង្គភេទស្ត្រីខាងក្រៅ
២. អាការៈធ្លាក់សមិនប្រក្រតី (Abnormal vaginal discharge)
អាការៈធ្លាក់សដែលគេចាត់ទុកថាជាជំងឺ ឬជាអាការៈមិនប្រក្រតីនៅពេលដែលសធ្លាក់មកមានលក្ខណៈដូចខាងក្រោម៖
– រមាស់នៅតាមបណ្តោយយោនី ឬបរិវេននៅជុំវិញនោះ។
– យោនីឡើងក្រហម ឈឺ ឬមានហើម។
– សដែលធ្លាក់មានពពុះ ពណ៌លឿងបៃតង ឬមានឈាមក្នុងនោះផង។
– សដែលធ្លាក់នោះមានក្លិនអាក្រក់។
– ឈឺក្រហាយពេលបត់ជើងតូច ឬនោម និងរួមភេទ។
– មានឈឺលើផ្នែកខាងក្រោមក្បាលពោះ។
– មានក្តៅខ្លួន ឬគ្រុន។
៣. មូលហេតុនៃអាការៈធ្លាក់សមិនប្រក្រតី
មូលហេតុដែលគេជួបប្រទះញឹកញាប់ជាងគេគឺ៖
៣.១. ការឆ្លងមេរោគចូលនៅតាមបណ្តោយយោនី និងមាត់ស្បូន
ប្រមាណជា៧០%នៃករណីរលាកយោនី (Vaginitis) បណ្តាលមកពីបាក់តេរី នៅនឹងយោនី (Bacterial vaginosis or BV 40%-50%) ២០ទៅ២៥% បណ្តាលមកពី មេរោគឈ្មោះកង់ឌីដាដែលធ្វើឱយរលាកទាំងនៅទ្វាទាំងយោនី (Candida Vulvovaginitis) និង១៥%ទៅ២០%ទៀតបណ្តាលមកពីមេរោគឈ្មោះ Triccomonas ។ ជួនកាលវាជាករណីជំងឺកាមរោគ មានដូចជាប្រមេះទឹកបាយ (Neisseria Gonorrhea) និង Chlamydia Trachomatis ដែលអាចនាំឱយមានរលាកសរីរាង្គដទៃទៀតក្នុងអាងត្រកៀក (Pelvic inflammatory disease)។
៣.២. ប្រត្តិកម្មទៅនឹងអ្វីមួយ
វាអាចជាប្រត្តិកម្មទៅនឹងវត្ថុអ្វីមួយដែលស្ត្រីភ្លេចមិនបានយកចេញពីយោនី មានដូចជា សសៃសំឡីអនាម័យ និងស្រោមអនាម័យជាដើម។ ម្យ៉ាងទៀត វាអាចជាប្រត្តិកម្មទៅនឹងសាប៊ូ ឬផលិតផលផ្សេងទៀតដែលស្ត្រីប្រើដាក់ក្នុងយោនី។
៣.៣. វាអាចជាការប្រែប្រួលក្នុងរាងកាយបន្ទាប់ពីអស់រដូវ។
៣.៤. ដោយសារជំងឺកំរមួយចំនួន
ក្រៅពីមូលហេតុខាងលើ មានករណីកំរមួយចំនួន ដែលអាការៈធ្លាក់សនេះបណ្តាលមកពីជំងឺមួយចំនួន មានដូចជា ជំងឺមហារីកទ្វាមាស មហារីកយោនី ឬមហារីកមាត់ស្បូន ករណីជំងឺរលាកសរីរាង្គដទៃទៀតក្នុងអាងត្រកៀក ដំបៅនៅនឹងទ្វាមាស និងយោនី និងមានប្រហោងពីយោនីទៅពោះវៀនធំ (Vaginal Fistula)។
៤. អាការៈ និងរោគសញ្ញា
– ធ្លាក់សដោយសារបាក់តេរីបង្កររោគនៅយោនី (Bacterial vaginosis or BV) សដែលធ្លាក់មានក្លិនអាក្រក់ ឆ្អាបដូចត្រី ហើយធ្លាក់មករាវ ពណ៌ប្រផេះ តែមិនមែនពណ៌លឿងដូចខ្ទុះនោះទេ។ ចំពោះVaginal Candidiasis វិញ សដែលធ្លាក់មកជាខាប់ ពណ៌ស គ្មានក្លិន ដែលជាញឹកញាប់មានសណ្ឋានដូចកំបោស។ រីឯសដែលធ្លាក់បង្ករដោយពពួក Trichomoniasis មានសណ្ឋានជាខាប់ដូចឡេលាបស្បែក ពណ៌លឿងបៃតង មានលាយខ្ទុះ មានក្លិនស្អុយ។ វាអាចមានអាការៈក្រហាយ រមាស់ នោមទាស់ នោមញឹក និងឈឺចាប់ពេលរួមសង្វាស់។
– ក្រហាយ ផ្សា (Irritation) និងអាការៈផ្សេងទៀត។ ករណីរលាកទ្វាមាស និង យោនីបណ្តាលមកពីពួកផ្សិតប្រភេទ Candida (Candida Vulvovaginitis) ច្រើនឱយ មានរមាស់ និងមានឈឺចាប់ដោយសារមានរលាក។ ផ្ទុយទៅវិញ បាក់តេរីប្រមូលផ្តុំនៅទ្វាមាស (bacterial vaginosis) ច្រើនមិនសូវឱយមានអាការៈក្រហាយផ្សារ (Irritation)ទេ ដោយសារមិនសូវមានរលាក។
– រមាស់ អាចបណ្តាលមកពីការឆ្លងមេរោគ អាចជាប្រត្តិកម្មអាលែកហ្ស៊ី ឬដោយសារជំងឺសើស្បែកដទៃទៀត (Dermatosis)។
– មានធ្លាក់ឈាម នេះមិនមែនជាករណីដែលបណ្តាលមកពីការឆ្លងមេរោគទេ។ វាអាចបណ្តាលមកពីដាច់របើកស្បែកនៅយោនី ឬនៅមូលហេតុផ្សេងទៀតនៅនឹងស្បូន។
– មានឈឺ វាអាចបណ្តាលមកពីមានរលាកសរីរាង្គណាមួយក្នុងអាងត្រកៀក។
– នោមមកឈឺ ឬឈឺចាប់ពេលរួមសង្វាស់ (Dyspareunia) វាអាចបណ្តាលមកពីការឆ្លងមេរោគ ប្រត្តិកម្មអាឡែកហ្ស៊ី ឬអាចបណ្តាលមកពីកង្វះអ័រម៉ូន (ស្បែកទ្វាមាស និងយោនីស្តើង រួមតូច ឬស្វិតក្រោយពេលស្ត្រីអស់រដូវ Vulvovaginal atrophy)។
– កាលវេលារបស់អាការៈ ករណីធ្លាក់សដែលបណ្តាលមកពីរលាកយោនីដោយសារផ្សិតប្រភេទកង់ឌីដាច្រើនធ្លាក់មកមុនពេលមករដូវ។ រីឯករណីធ្លាក់សដោយសារពពួក Trichomonias និងពួកបាក់តេរីដែលប្រមូលផ្តុំនៅក្នុងយោនី ច្រើនធ្លាក់មកភ្លាមបន្ទាប់ពីមករដូវ ឬក្នុងកំឡុងពេលមានរដូវ។
– ទាក់ទងនឹងកំរិតជាតិអ័រម៉ូនអឺស្ត្រូហ្ស៊ែន នៅពេលស្ត្រីជិតអស់រដូវ (Menopausal women) កំរិតជាតិអ័រម៉ូនអឺស្ត្រូហ្ស៊ែនចុះទាប ដែលបណ្តាលឱយសាច់ទ្វាមាស និងយោនីស្តើងរួមតូច ឬស្វិត នាំឱយយោនីស្ងួត និងមានការឈឺចាប់ពេលរួមភេទ។
៥. ការពិនិត្យរាងកាយ (Physical Examination)
ទ្វាមាស និងយោនីអាចមើលទៅគ្មានអ្វីគួរឱយកត់សំគាល់ក្នុងករណីមានមេរោគផ្តុំនៅក្នុងយោនី។ ករណីមានមេរោគពពួកផ្សិតកង់ឌីដា ពួកទ្រីកូម៉ូណាស ឬមានរលាកសើស្បែក វាអាចឱយទ្វាមាស និងយោនីឡើងក្រហម ហើម ឬមានរបកស្បែក។ ការពិនិត្យមើលយោនីដោយប្រើឧបករណ៍ជំពុះទា គេអាចឃើញមានរបស់សំណល់ដូចជា អំបោះសំឡីអនាម័យ ឬស្រោមអនាម័យដែលភ្លេចនៅក្នុងយោនី ឬនៅនឹងមាត់ស្បូន។ គេក៏អាចឃើញវាឡើងក្រហម ស្នាមរបកស្បែក (Erosions) និងដុំសាច់មហារីកផងដែរ។
ការពីនិត្យដោយគ្រូពេទ្យប្រើដៃទាំងសងខាង (Bimanual pelvic examination) អាចរកឃើញថាសរីរាង្គក្នុងអាងត្រកៀក និងមាត់ស្បូនឡើងរឹង រុញមិនទៅមិនរង្គើរ (Motion tenderness) និងឈឺពេលគ្រូពេទ្យរុញ ដែលជាសញ្ញាបញ្ជាក់ថាសរីរាង្គក្នុងអាងត្រកៀកមានរលាក (Pelvic inflammatory disease)។ ជួនកាល គ្រូពេទ្យអាចរកឃើញមានដុំសាច់នៅក្នុងអាងត្រកៀកដែលជាគីស ឬជាដុំសាច់មហារីកផងដែរ។
៦. ការធ្វើរោគវិនិច្ឆ័យ
ការពិនិត្យមើល pH ហិតក្លិន និងពិនិត្យមើលដោយមីក្រូទស្សន៍ ឬអតិសុខុមទស្សន៍ របស់សដែលធ្លាក់ អាចរកឃើញភស្តុតាងដែលនាំទៅដល់ការធ្វើរោគវិនិច្ឆ័យពិតប្រាកដបាន។
– ការវាស់តំលៃ pH នៅយោនីជាជំហ៊ានដ៏សំខាន់នៃការធ្វើរោគវិនិច្ឆ័យ។ គេយកចង្កឹះ ឬក្រដាស់សំរាប់វាស់ pH ទៅផ្តិតផ្ទាល់នឹងជញ្ចាំងសងខាងទ្វាមាសរយៈពេល២ឬ ៣វិនាទី។ បន្ទាប់មក គេអាចពិនិត្យក្រដាសវាស់ pH ដែលនឹងប្រែពណ៌តាមតំលៃ pH ។ ករណីស្រីអស់រដូវមាន pHនៅទ្វាមាសកើនឡើងលើសពីតំលៃធម្មតា អាចជាសញ្ញានៃការឆ្លងមេរោគ BV (pH>4,5) ឬក៏ពពួកទ្រីកូម៉ូណាស (pH 5-6) ហើយវាអាចជួយបញ្ជាក់ថាវាមិនមែនបណ្តាលមកពីពពួកកង់ឌីដាដែលធ្វើឱយរលាកទ្វាមាសនិងយោនីនោះទេ (pH 4-6)។

ចង្កឹះវាស់pH
– Amine odor test (ការហិតក្លិនរកជាតិអាមីន): គេនិយមហៅការធ្វើតេស្ត៍របៀបនេះថា Whiffing Test ដោយសារលទ្ធផលវាអាស្រ័យលើក្លិនឆ្អាបដែលចេញពីការធ្វើពិសោធន៍នេះ។ គេយកសំណាករបស់សដែលធ្លាក់នោះមកប៉ាតលើឡាមកញ្ចក់ រួចហើយគេយកទឹកថ្នាំដែលមានជាតិប៉ូតាស្យូមអ៊ីដ្រុកស៊ីត (KOH ស្រដៀងទឹកក្បុង) ទៅបន្តក់លើសំណាកនោះ។ បើវាជះក្លិនឆ្អាបដូចត្រី មានន័យថាលទ្ធផលវិជ្ជមាន ដែលបញ្ជាក់ថាសបង្ករដោយពពួកបាក់តេរី។
– ការពិនិត្យដោយអតិសុខុមទស្សន៍ៈ គ្រូពេទ្យយកសំណាកសដែលធ្លាក់ដោយសំឡីត្បា។ គេយកសំឡីត្បាដែលមានជាប់សំណាកនោះទៅបៀកលើឡាមកញ្ចក់ដែលមានដាក់ទឹកសេរ៉ូមប្រៃជាមួយនិងជាតិប៉ូតាស្យូមអ៊ីដ្រុកស៊ីត។ គោលដៅនៃការពិនិត្យនេះគឺស្វែងរកមើលពន្លកផ្សិត (Candidal buds) ឬក៏ទងនិងមែកផ្សិត(?) ពពួកទ្រីកូម៉ូណាសដែលកំរើក កោសិការស្បែក (Epithelial cells) ដែលមានបាក់តេរីពពួក Coccobacillus (ហៅថាClue cells ឬកោសិការតំរុយ)។ ក្រៅពីនេះ គេក៏ស្វែងរកគោលិកាសប្រភេទ PMNផងដែរ។ ក្នុងករណីមានគោលិកាសប្រភេទ PMN ច្រើន តែគ្មានកោសិកាតំរុយ(Clue cells) គ្មានដានពពួកផ្សិតទ្រីកូម៉ូណាស វាអាចជាករណីរលាកមាត់ស្បូន។ ក្នុងករណីដែលមានកោសិកាប្រភេទ Parabasal អាចជាករណីស្បែកយោនីស្តើងឬស្វិត។

បន្តក់ល្បាយប៉ូតាស្យូមអ៊ីដ្រុកស៊ីតដែលមានកំហាប់១០%លើសំណាកសដែលធ្លាក់ជួយបំផ្លាញកោសិកា ជាហេតុធ្វើឱយងាយពិនិត្យឃើញពន្លក ទងនិងមែកផ្សិត ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរលាកយោនីដោយសារពពួកកង់ឌីដា។
ក្នុងករណីដែលការពិនិត្យមីក្រូទស្សន៍រកមិនឃើញ គេអាចយកសំណាកសដែលធ្លាក់នោះយកទៅបណ្តុះរកមើលប្រភេទពួកផ្សិតកង់ឌីដា (Candida species) និងធ្វើតេស្ត៍មួយទៀតដែលគេហៅថា Nucleic Acid Amplification Test ឬ NAAT ដើម្បីរកពួក Trichomonas vaginalis ។ ក្នុងករណីនៅទីជនបទដែលគ្មានមីក្រូទស្សន៍ គេអាចធ្វើ Rapid Antigen និង NAAT ដើម្បីបញ្ជាក់ពីករណីដែលសធ្លាក់ដោយមេរោគពពួក BV ពពួកផ្សិតកង់ឌីដានៅយោនី ឬក៏ពពួកទ្រីកូម៉ូណាស។
ចំពោះស្ត្រីដែលមានដៃគូរផ្លូវភេទច្រើន គេត្រូវពិនិត្យរកមើលជំងឺកាមរោគដូចជា ប្រមេះទឹកបាយ និង Chlamydia Trachomatis ជាមួយនឹងករណីរលាកយោនី។
៧. ការព្យាបាល
ការព្យាបាលករណីធ្លាក់សមិនធម្មតាគឺអាស្រ័យទៅលើមូលហេតុរបស់វា។
៧.១. អនាម័យ
ករណីធ្លាក់សមិនធម្មតាអាចកើតមានលើស្ត្រីដែលមានទំលាប់មួយចំនួនដូចជា ទំលាប់បាញ់ថ្នាំចូលក្នុងរន្ធយោនីដើម្បីលាងសំអាត(Douche) ប្រើទ្រនាប់អនាម័យតូចៗ(Pantiliners)រាល់ថ្ងៃ ប្រើស្ពេ្របាញ់សំអាតយោនី ប្រើម្សៅសំអាត បាញ់ទឹកថ្នាំលាងសំអាត ត្រាំទឹកសាប៊ូ និងប្រើប្រាស់ទឹកមានគ្រឿងក្រអូបដទៃទៀត។ ក្រៅពីនោះស្ត្រីដែលទំលាប់ស្លៀកខោទ្រនាប់ធ្វើពីនីឡុងតឹងពេក ខោទ្រនាប់ខ្សែ(Thong or G-string) ក៏ជាហានិភ័យនៃជំងឺធ្លាក់សផងដែរ។ ស្ត្រីទាំងឡាយគួរអនុវត្តន៍ប្រការអនាម័យដូចខាងក្រោម៖
– ប្រើទឹកក្តៅឧណ្ណៗ (មិនក្តៅពេក) ឬផលិផលមិនមែនសាប៊ូដែលគ្មានក្លិនដើម្បីលាងសំអាតសរីរាង្គភេទ ហើយលាងសំអាតដោយដៃ កុំប្រើក្រណាត់ ឬឧបករណ៍សំអាតផ្សេងទៀត។
– មិនត្រូវប្រើប្រាស់ផលិតផលលាងសំអាត ឬប្រើផលិតផលឌូស៍ផ្សេងទៀតដែលមានលក់លើទីផ្សារឡើយ។
– ចៀសវាងត្រាំទឹកក្តៅ និងទឹកមានគ្រឿងក្រអូប ដូចជាសាប៊ូក្រអូបជាដើម។ គួរងូតទឹកក្តៅឧណ្ណៗ។
– គួរស្លៀកខោទ្រនាប់ដែលផលិតពីកប្បាស មិនមែនសសៃធ្វើពីនីឡុង។ ចៀសវាងស្លៀកខោទ្រនាប់ខ្សែ (Thong) ឬ Lycra underwear (នីឡុងយឺត)។

– លាងសំអាតសរីរាង្គភេទជាមួយទឹកធម្មតា ផ្តិតឱយស្ងួតបន្ទាប់ពីបត់ជើងតូច ឬបត់ជើងធំ។ មិនត្រូវប្រើក្រដាស់អនាម័យដែលមានគ្រឿងក្រអូប ឬកន្សែងត្រជាក់ (baby web)មកជូតសំអាតទេ។
៧.២. ការព្យាបាលទៅតាមមូលហេតុ
៧.២.១. ករណីធ្លាក់សដោយសារបាក់តេរី (Bacterial Vaginosis)
មានជំរើសជាច្រើនដែលគេអាចអនុវត្តន៍បាន។ គេអាចលេបថ្នាំ Metronidazole 500 mg ២ដងក្នុងមួយថ្ងៃ រយៈពេល៧ថ្ងៃ។ ឬប្រើថ្នាំ Metronidazole ០,៧៥% ជាប្រភេទថ្នាំលាប (ក្នុងបរិមាណថ្នាំ៥ក្រាម មានជាតិថ្នាំ Metronidazole ចំនួន៣៧,៥មីលីក្រាម) លាបមួយថ្ងៃម្តង រយៈពេល៥ថ្ងៃ។

គេក៏អាចប្រើថ្នាំប្រភេទ Clindamycin 300 mg លេប២ដងក្នុងមួយថ្ងៃ រយៈពេល៧ថ្ងៃ។ ក្រៅពីថ្នាំលេប វាក៏មានជាប្រភេទថ្នាំលាបផងដែរ។ Clindamycin ២% លាបមួយថ្ងៃម្តង មុនពេលចូលគេង រយៈពេល៧ថ្ងៃ ឬជាប្រភេទថ្នាំសុល Clindamycin 100mg សុលមួយថ្ងៃម្តងមុនពេលចូលគេង រយៈពេល៣ថ្ងៃ។ Clindamycin មានជាប្រភេទក្រែមលាប (Bioadhesive or Clindese ជាប្រភេទបង់បិត) ២% ប្រើតែម្តង បរិមាណ៥ក្រាម មានផ្ទុកជាតិថ្នាំ Clindamycin Phosphate ១០០មីលីក្រាម។
៧.២.២ ករណីធ្លាក់សបណ្តាលមកពីពពួកកង់ឌីដា
គេបែងចែកករណីធ្លាក់សដោយពពួកកង់ឌីដានេះជា២ប្រភេទ។ ប្រភេទទីមួយគឺប្រភេទសមញ្ញ ដែលមានន័យថាអ្នកជំងឺមានកើតជំងឺមិនញឹកញាប់ (៣ដង ឬតិចជាងនេះក្នុងមួយឆ្នាំ) ហើយមានអាការៈពីស្រាលទៅមធ្យម។ ករណីនេះអាចជាករណីបណ្តាលមកពី Candida Albican ។ ចំពោះអ្នកជំងឺដែលមានសុខភាពធម្មតា គ្មានផ្ទៃពោះ គេអាចព្យាបាលដោយថ្នាំលេបប្រភេទ Fluconazole 150 mg តែម្តងបាន។
ប្រភេទទី២ជាប្រភេទសាំញ៉ាំគឺមានន័យថាអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ឧស្សាហ៍លាប់ឡើងវិញ បង្ករដោយពពួកកង់ឌីដាមិនមែនប្រភេទ Candida Albican កើតមានលើអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាលត្រឹមត្រូវ អ្នកជំងឺដែលមានប្រព័ន្ធការពារខ្សោយ អ្នកជំងឺមានផ្ទៃពោះ។ ក្នុងប្រភេទទី២នេះ អ្នកជំងឺត្រូវការព្យាបាលរយៈពេលវែង។ ថ្នាំដែលគួរប្រើគឺ Fluconazole 150 mg លេបលើកទី១ បីថ្ងៃក្រោយលេបម្តងទៀត។
៧.២.៣. ករណីធ្លាក់សបណ្តាលមកពីពពួកទ្រីកូម៉ូណាស
ចំពោះស្ត្រីដែលគ្មានផ្ទៃពោះ គេណែនាំឱយប្រើថ្នាំ Metronidazole 2 g លេបតែម្តង។ ដៃគូររួមដំណេករបស់ស្ត្រីអ្នកជំងឺក៏គួរតែព្យាបាលផងដែរ។ គ្រូពេទ្យគួរពិនិត្យរកជំងឺកាមរោគ (Sexually Transmitted Infections or STI) ផ្សេងទៀតចំពោះស្ត្រីអ្នកជំងឺធ្លាក់សដោយសារពពួកទ្រីកូម៉ូណាស។ ចំពោះស្ត្រីមានផ្ទៃពោះវិញ គេព្យាបាលដោយឱយអ្នកជំងឺលេបថ្នាំ Metronidazole 2 g លេបតែម្តង ឬចែកជា២ ដោយលេបថ្នាំ Metronidazole 500mg លេប២ដងក្នុងមួយថ្ងៃ រយៈពេលពី៥ទៅ៧ថ្ងៃ។
ក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគអេដស៍ គេគួរព្យាបាលដោយប្រើថ្នាំ Metronidazole 500mg លេប២ដងក្នុងមួយថ្ងៃ រយៈពេល៧ថ្ងៃ។
៧.២.៤. ករណីប្រមេះទឹកបាយ(Neisseria gonorrhea)
ចំពោះករណីដែលមានប្រមេះទឹកបាយ (Uncomplicated urogenital gonococcal infection)ដោយសារពពួក Gonococcus គេអាចព្យាបាលដោយចាក់ថ្នាំ Ceftriaxone 250 mg ចាក់តែម្តង ជាជំរើសទី១។ ជំរើសទី២ គេអាចប្រើថ្នាំ Azithromycin 1 g អាចលេបតែម្តងក៏បាន អាចចាក់តែម្តងក៏បាន។
៧.២.៥. ករណីបណ្តាលមកពី Chlamydia trachomatis
គេអាចព្យាបាលដោយប្រើថ្នាំ Azithromycin 1g លេបតែម្តង នៅមុខគ្រូពេទ្យ ឬប្រើ doxycycline 100 mg លេប២ដងក្នុងមួយថ្ងៃ រយៈពេល៧ថ្ងៃ។ ករណីមាន Chlamydia និង gonococcal infection ផង ព្រមគ្នា គេណែនាំឱយព្យាបាលដោយប្រើថ្នាំផ្គុំគ្នា ចាក់ថ្នាំ Ceftriaxone 250mg ចាក់សាច់ដុំ និងថែមថ្នាំលេប doxycycline 100 mg លេប២ដងក្នុងមួយថ្ងៃ រយៈពេល១០ថ្ងៃ។

