ថ្មីៗនេះមានពត៌មានផ្សាយមកថាក្នុងម្សៅទឹកដោះគោទារកប្រភេទ Dumex Mamil Gold Infant Milk Formula Step 1 មានមេរោគប្រភេទ Cronabacter Sakazakii ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពានិជ្ជកម្មតាមរយអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ ដែលទទួលបានពត៌មានពីអាជ្ញាធរសិង្ហបុរី ដែលពត៌មានអនឡាញក្នុងស្រុកមួយយកមកផ្សាយ។

តើមេរោគ Cronabacter Sakazakii អាចបង្ករជំងឺ ឬគ្រោះថ្នាក់អ្វីខ្លះ? តើមេរោគនេះមានប្រភពមកពីណា អាចឆ្លងចូលរាង្គកាយមនុស្សតាមរយៈអ្វី ហើយក្រុមណាដែលប្រឈមនឹងគ្រោះថ្នាក់បង្ករដោយមេរោគនេះជាងគេ? តើមានវិធីណាអាចការពារ ទប់ស្កាត់ការឆ្លងមេរោគនេះបន្ថែមលើការចៀសវាងមិនប្រើប្រាស់ម្សៅទឹកដោះគោទេ?
Cronabacter Sakazakii ជាប្រភេទបាក់តេរី Gram (-) ស្ថិតក្នុងអំបូរ Enterobacteriaceae, genus Enterobacter ដែលកាលពីមុន គេហៅវាថា Enterobacter Sakazakii or E. Sakazakii។ វាជាមេរោគមិនសូវជួបប្រទះ តែវាអាចឆក់យកដល់ជីវិតក្រុមមនុស្សខ្លះបាន។ គេបានរកឃើញវាដំបូងនោះឆ្នាំ១៩៥៨ ក្នុងករណីកុមារមានជំងឺរលាកស្រោមខួរមួយ។

Cronabacter Sakazakii អាចបង្ករជំងឺធ្ងន់ធ្ងរដល់ទារកដែលមានអាយុក្រោមមួយឆ្នាំ (Infants) ពិសេសទារកអាយុក្រោម២៨ថ្ងៃ។ គ្រោះថ្នាក់របស់មេរោគនេះមានកាន់តែខ្លាំងចំពោះទារកដែលកើតមកមិនគ្រប់គីឡូ និងមិនគ្រប់ខែ។ ជំងឺទាំងនោះមាន រលាកស្រោមខួរក្បាលដែលអាចគ្រោះថ្នាក់ដល់ជីវិត អាចឱយរលាកខួរក្បាលត្រង់ Ventricle (Ventriculitis) រលួយសាច់ខួរក្បាល (Cerebral Infarction) បូសក្នុងខួរក្បាល (Brain abscess) ឬមានករជាCyst អាចបង្ករឱយមានទឹកដក់ក្នុងក្បាលធ្វើឱយក្បាលរីកធំ (Hydrocephalus) មេរោគឡើងពេញក្នុងឈាម (Bacteremia and Septicemia) រលាកពោះវៀន (Necrotizin enterocolitis)។ ក្រុមអ្នកជំនាញបានណែនាំគ្រូពេទ្យគួរថត CT Scan ក្បាលអ្នកជំងឺក្នុងពេលចាប់ផ្តើមព្យាបាលតាមរោគសញ្ញា (Management of symptomatic infected infants)។ ស្ទើរតែគ្រប់ករណីទាំងអស់ រូបភាពដែលបង្ហាញដោយ CT Scan តែងបង្ហាញភាពមិនប្រក្រតីជានិច្ច ក្នុងនោះមាន cystic changes, abscess, fluid collection, dilated ventricle, and infarctionជាដើម។ ក្រៅពីនោះ មនុស្សពេញវ័យដែលមានប្រព័ន្ធការពារខ្លួនចុះខ្សោយ ដូចជាអ្នកជំងឺអេដស៍ អ្នកជំងឺមហារីកឈាមស ក៏ជាក្រុមប្រឈមនឹងមេរោគនេះផងដែរ។ គេច្រើនសង្កេតឃើញមេរោគនេះបង្ករជំងឺលើផ្លូវទឹកនោមលើមនុស្សពេញវ័យ។
នៅពេលគោលិកាសប្រប្រភេទ Macrophage ខាំលេបវាចូលទៅ មេរោគ Cronabacter Sakazakii អាចរស់នៅក្នុងគោលិកាសនេះបាន។ វាអាចតោងជាតិផ្លាស្ទីក ជ័រកៅស៊ូ (Silicon rubber) ហើយអាចរីកដុះដាលលើផ្ទៃជ័រកៅស៊ូទាំងនោះបាន។ ហេតុដូច្នេះហើយ ដបទឹកដោះគោ និងក្បាលដោះ ក៏ជាទីដែលមេរោគនេះរីកដុះដាល និងចំលងទៅដល់ទារកផងដែរ។ លក្ខណៈកាចសាហាវរបស់ចំបងរបស់វា (virulent factors) គឺ វាធន់នឹងកំដៅ (thermotolerance)ជាងប្ភេទមេរោគ Enterobacteriacae ផ្សេងទៀត តែគេមិនទាន់អាចកំណត់បានថាវាធន់នឹងកំដៅបានប៉ុណ្ណា ហើយបនរយៈពេលយូរប៉ុណ្ណាទេ។ ជាធម្មជាតិរបស់វា ៗធនឬសាំនឹងប្រភេទថ្នាំផ្សះមួយចំនួន រួមមាន all macrolides, lincomycin, clindamycin, streptogramins, rifampicin, fusidic acid, and fosfomycin។ ប៉ុន្តែវាមិនធននឹងពពួក tetracyclines, aminoglycosides, numerous β-lactams, chloramphenicol, antifolates, and quinolones ទេ។ មានរបាយរណ៍បង្ហាថា គេអាចព្យាបាលជំងឺបង្ករដោយមេរោគនេះដោយប្រើថ្នាំពពួក ampicillin-gentamicin or ampicillin-chloramphenicol។
អត្រាមរណភាពរបស់ជំងឺដែលបង្ករដោយមេរោគនេះមានចន្លោះពី៣៣%ដល់៩០%។ ៩៤%នៃអ្នកជំងឺដែលបានរួចផុតជីវិតពីជំងឺរលាកស្រោមខួរ មានសំណល់ពិការភាពដែលមិនអាចព្យាបាលបាន ឬមិនអាចវិលត្រឡប់មកដូចដើមវិញបាន (Irreversible neurological sequelae)។ ពិការភាពទាំងនោះមានដូចជា ទន់ដៃជើងទាំងសងខាង (Quadriplagia) មើលមិនសូវឃើញ និងស្តាប់មិនសូវលឺ។
មេរោគ Cronabacter
Sakazakii មានក្នុងបរិយាកាស
និងចំណីអាហារ។ គេបានរកឃើញថាវាមានក្នុងផលិតផលរុក្ខជាតិ មានដូចជាគ្រឿងទេស
រុក្ខជាតិដែលគេហាលឱយក្រៀម (dry herb) ក្នុងម្សៅទឹកដោះគោ
ផលិតផលអាហារកុមារ ឈីស ឬហ្វ្រូម៉ា សាច់ក្រក និងបន្លែ។ ក្នុងរាង្គកាយអ្នកជំងឺ
គេបានរកឃើញវាក្នុង ទឹកខួរឆ្អឹងខ្នង ឈាម ខួរឆ្អឹង កំហាក ទឹកនោម
និងក្នុងខ្នែងពោះវៀនដែលរលាក។
គេក៏បានរកឃើញវាផងដែរនៅក្នុងអាគាររោងចក្រផលិតម្សៅទឹកដោះគោ តាមអាគារមន្ទីរពេទ្យ
និងក្នុងម៉ាស៊ីនបូមធូលីដែលគេប្រើក្នុងផ្ទះ។
ចំពោះផ្លូវដែលមេរោគ Cronabacter
Sakazakii ឆ្លងចូលក្នុងរាង្គកាយមនុស្ស
គេមិនទាន់អាចកំណត់បានឱយប្រាកដនៅឡើយទេ។
ប៉ុន្តែទំនាក់ទំនងរបស់វានិងម្សៅទឹកដោះគោជាកកត្តាហានិភ័យដ៏ចំបងមួយ។
ការឆ្លងមេរោគចូលក្នុងរាង្គកាយទារក អាចមានកត្តាទាំងក្នុងរោងចក្រផលិត និងក្រៅរោងចក្រ
(Intrinsic and extrinsic)។ វាអាចឆ្លងចូលក្នុងតំណាក់កាលណាមួយរបស់ខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រ
វាក៏អាចឆ្លងចូលក្នុងពេលដែលរៀបចំឆុងទឹកដោះគោឱយកុមារផងដែរ។ នៅឆ្នាំ១៩៩៨ និងឆ្នាំ២០០២
មានករណីផ្ទុះជំងឺរលាកពោះវៀន និងរលាកស្រោមខួរលើទារកនៅប្រទេសបែលហ្សិក
គេបានរកឃើញមេរោគនេះក្នុងទឹកដោះគោ និងម្សៅទឹកដោះគោសំរាប់ទារក។ នៅឆ្នាំ២០០៤
មានករណីស្រដៀងគ្នានេះផ្ទុះឡើងនៅណូវ៉ែលហ្សេឡង់ និងនៅបារាំង។ ក្នុងឆ្នាំ២០១១
មានករណីផ្ទុះជំងឺដែលបង្ករដោយមេរោគ Cronabacter Sakazakii នេះក្នុងរដ្ឋចំនួន២
នៅសហរដ្ឋអាមេរិច។ ទីភ្នាក់ងារម្ហូបអាហារ
និងឱសថរបស់អាមេរិចបានបើកការស៊ើបអង្កេតរឿងនេះ។ លទ្ធផលបង្ហាញថាមានវត្តមានមេរោគនេះក្នុងអាគាររោងចក្រផលិតម្សៅទឹកដោះគោទាំងនោះ
តែរោងចក្រទាំងនោះបានពិនិត្យមើលរកមេរោគនេះក្នុងផលិតផលរបស់ខ្លួនផងដែរមុននឹងចេញលក់លើទីផ្សារ។
គេសង្ស័យថា មេរោគនេះឆ្លងចូលក្នុងម្សៅទឹកដោះគោពេលដឹកចេញពីរោងចក្រ។
តើធ្វើយ៉ាងណាដើម្បីការពារទារកពីជំងឺនេះ?
ក្រៅពីចៀសវាងមិនឱយទារកទទួលទានផលិតផលម្សៅទឹកដោះគោនេះ
អនាម័យគឺជារឿងចាំបាច់។
យោងតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោកក្នុងការពារទារកពីការឆ្លងមេរោគ Cronabacter
Sakazakii ពីផលិតផលម្សៅទឹកដោះគោ
មាតាបិតា និងអ្នកមើលថែទារកអាចអនុវត្តន៍តាមរូបខាងក្រោម៖
១. លាងសំអាតដបទឹកដោះគោ
– លាងសំអាតដៃនឹងសាប៊ូ ហើយជូតដៃនឹងកន្សែងស្ងួតមុនលាងដបទឹកដោះគោ គំរប និងក្បាលដោះ។
– ដុសសំអាតដប និងក្បាលដោះដោយប្រើច្រាសស្អាតជាមួយនឹងទឹកសាប៊ូក្តៅ ឱយសព្វកន្លែង។
– លាងសំអាតដប គំរប និងក្បាលដោះជាមួយនឹងទឹកស្អាត។

២. ស្ងោរសំលាប់មេរោគ
– ចាក់ទឹកក្នុងឆ្នាំធំល្មម
– ដាក់ដប និងក្បាលដោះចូលក្នុងឆ្នាំងដោយមិនឱយមានពពុះខ្យល់នៅក្នុងដប និងក្បាលដោះទាំងនោះ និងគ្រប់ផ្នែកដប ក្បាលដោះ គំរបត្រូវលិចក្នុងទឹក។
– គ្របឆ្នាំងស្ងោរឱយជិត ស្ងោរក្នុងសីតុណ្ហភាពមិនក្រោម៧០អង្សារសេ។
– គ្របទុកចាំដល់ពេលយកមកប្រើ។

៣. ពេលឆុងទឹកដោះគោ
– ជូតសំអាតតុ ឬកន្លែងរៀបចំឆុងឱយស្អាត។
– លាងសំអាតដៃនឹងសាប៊ូ។
– ដាំទឹកឱយពុះ
– អានសេចក្តីណែនាំលើកំប៉ុងដើម្បីឱយដឹងពីបរិមាណទឹកដែលត្រូវយកមកឆុង។ ដាក់ទឹកលើស ឬខ្វះអាចឱយទារកឈឺបាន។
– យកទឹកដែលបានដាំឱយពុះមកចាក់ចូលក្នុងដប។ ទឹកដែលយកមកចាក់មិនត្រូវឱយត្រជាក់ជាង៧០អង្សាសេទេ។មិនត្រូវយកទឹកដែលដាំរួចហើយទុកចោលលើសពី៣០នាទីមកប្រើទេ។
– ដួសម្សៅទឹកដោះគោចាក់ចូលក្នុងដបតាមបរិមាណដែលបានកំណត់ដូចក្នុងសេចក្តីណែនាំ។
– គ្របដប និងក្បាលដោះហើយក្រឡុកដបឱយម្សៅទឹកដោះគោរលាយសព្វ។
– បើកទឹកត្រជាក់ដាក់លើដប តែមិនត្រូវឱយទឹកក្ចាយត្រូវក្បាលដោះទេ។
– ជូតសំអាតដបជាមួយនឹងកន្សែងស្អាត។
– បន្តក់មើលថាតើទឹកដោះគោត្រជាក់ល្មហើយឬនៅ។
– ឱយទារកបៅ
– ហាមបញ្ចុកទឹកដោះគោដែលឆុងទុកចោលរយៈពេលចាប់ពី២ម៉ោងឡើងទៅ។


ចំណាំ
ជាទូទៅ មិនគួរឆុងទុកទេ។ ក្នុងករណីចាំបាច់ចៀសមិនបាន ពេលឆុងរួច ត្រូវរក្សាទុកក្នុងទូរទឹកកកដែលមានសីតុណ្ហភាពមិនលើសពិ៥អង្សារសេ តែមិនត្រូវរក្សាឱយលើសពី២៤ម៉ោងទេ។
មុនដាក់ឱយទារកបៅ ត្រូវយកដបទឹកដោះគោតែរក្សាទុកក្នុងទូរទឹកកកនោះមកត្រាំក្នុងទឹកក្តៅអ៊ុនៗរយៈពេល១៥នាទីមុនឱយបៅ។ ទឹកដែលត្រាំមិនត្រូវឱយដល់ ឬលិចកដបទេ។ ហាមប្រើម៉ាស៊ីនមីក្រូវេវដើម្បីកំដៅទឹកដោះគោ។