១.និយមន័យ
Stroke ឬស្រ្តូក (អ្នកខ្លះហៅថា Brain attack) ជាពាក្យដែលគេច្រើនប្រើសំដៅលើការប្រែប្រួលមុខងារខួរក្បាលយ៉ាង គំហ៊ុក ដោយសារសសៃឈាមដែលទៅចិញ្ចឹមខួរក្បាលមានបញ្ហា ដែលបញ្ហាទាំង នោះអាចជាការកកស្ទះ ត្បៀតសសៃ ឬដាច់ធ្លាយ។ ក្នុងវេជ្ជសាស្ត្រ គេហៅជំងឺថាគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាល (Cerebrovascular Accident or CVA)។ គេចែកជំងឺស្រ្តូក ឬគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាលនេះជា២ប្រភេទ៖
- ប្រភេទទី១ Ischemic Stroke ជាបំរែបំរួលមុខងារខួរក្បាលដោយសារសសៃឈាមត្បៀត ឬស្ទះសសៃឈាមដែលទៅចិញ្ចឹមខួរក្បាល។ នេះជាប្រភេទជំងឺស្ត្រូកដែលមានច្រើនជាងគេ ៨៣%នៃជំងឺស្រ្តូកទាំងអស់។

- ប្រភេទទី២ Hemorrhagic Stroke ជាបំរែបំរួលមុខងារខួរក្បាលដោយសារសសៃឈាមដាច់ ធ្លាយ ហូរឈាមទៅក្នុងខួរក្បាល។ ឈាមដែលធ្លាយចេញពីសសៃឈាមមក វាកកជាដុំ(Clot)ហើយរីកធំឡើងៗទៅសង្កត់លើជាលិការខួរក្បាល និងជាលិការខួរក្បាលខ្វះឈាមដែលមានផ្ទុកអុកស៊ីហ្ស៊ែនទៅចិញ្ចឹម បណ្តាលឱយមានការខូចខាតដល់ជាលិកាខួរក្បាល។
២. ជំងឺស្រ្តូកនៅសម័យបុរាណ
មានមតិជាច្រើនតែងលើកឡើងថា គ្រោះថ្នាក់សសៃឈាមឬស្រ្តូកនេះជាជំងឺ សម័យទំនើបមួយដែលប្រហែលជាបណ្តាលមកពីការរស់នៅតាមជីវិតសម័យថ្មី និង ការបំពុលបរិស្ថានក្រោយឧស្សាហកម្មលូតលាស់ខ្លាំង។ ផ្ទុយទៅវិញ គេបានរកឃើញ ថាមនុស្សសម័យបុរាណក៏មានជំងឺស្រ្តូកនេះដែរ។ មុនគ្រឹះសករាជប្រមាណជាជាង ២៤០០ឆ្នាំមុន គ្រូពេទ្យក្រិកឈ្មោះអ៊ីប៉ូក្រាតដែលគេទទួលស្គាល់ថាជាបិតាវេជ្ជៈសាស្រ្ត សម័យទំនើបបានកត់ត្រាពីអាការៈរបស់អ្នកជំងឺស្ត្រូក ពិបាកលេប ទន់មួយចំហៀងខ្លួនមួយរំពេច ហើយដេកដោយមិនដឹងក្តៅត្រជាក់ និងមិនអាចកំរើកបាន។ គាត់ហៅជំងឺនេះថា Apoplexy ជាភាសាក្រិកដែលមានន័យថាធ្លាក់ខ្លួនឈឺដោយហឹង្សារ (Struck by violence) ដោយសារអ្នកជំងឺធ្លាក់ខ្លួនទន់ខ្លួនមួយចំហៀង ដួលភ្លាមៗទាំងខ្លួនមានសុខភាពល្អ តែគាត់មិនបានដឹងពីមូលហេតុជំងឺនេះទេ។ នៅប្រមាណ២០០ឆ្នាំមុនគ្រឺះសករាជ ក្នុងរាជវង្សហាន គម្ពីរវេជ្ជសាស្រ្តបុរាណចិនក៏មានរៀបរាប់ពីអាការៈគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាលនេះដែរ ដូចជាទន់មួយចំហៀងខ្លួន លេបអ្វីមិនបាន និងប្រទាញមុខមាត់ជាដើម។ គេបានសន្និដ្ឋានជំងឺនេះថាកើតដោយសារខ្យល់បីសាចចូលក្នុងខ្លួន (the wind of evil)។ នៅក្នុងគម្ពីរប៊ីបរបស់សាសនាគ្រឹះ និកាយកាតូលិក គេក៏មានពិពណ៌នាអំពីអាការៈខ្លះរបស់ជំងឺនេះដែរ ដែលផ្នែកខ្លះនៃសំណេរនេះមានកាលបរិច្ឆេទ៥ឬ៦រយឆ្នាំមុន និងនៅគ្រឹញសករាជឆ្នាំ១០០៨។ ក្នុងសេចក្តីអត្ថាធិប្បាយទាំងនោះគឺសូមឱយគេទទួលទោសដូចជា ទន់មួយចំហៀងខ្លួនខាងស្តាំ ពិការដៃស្តាំឬមិនអាចប្រើដៃស្តាំបាន អណ្តាតជាប់មាត់ កំរើកមិនបានបើសិនជាគេភ្លេចយេរូសាឡឹម (ទំនងជាគេលើក្រុងJerusalem ទឹកដីដ៏ពិសិដ្ឋរបស់គេ)។
ពាក្យស្រ្តូក Stroke ត្រូវគេឃើញមានប្រើដំបូងគេនៅសតវត្សន៍ទី១៦នៃគ្រឹះសករាជ ១៥៩៩ ក្នុងអក្សរសិល្ប៍អង់គ្លេស “an excellent Cinnamome water for the stroke of Gods hande” ដែលពាក្យស្រ្តូកចង់សំដៅលើហេតុការណ៍មួយរបស់ធម្មជាតិប្រែប្រួលភ្លាមៗ និងមិនកំណត់មុនឡើយ (Randomly)។
មកដល់គ្រឹះសករាជឆ្នាំ១៦៥៨ វេជ្ជៈបណ្ឌិតជនជាតិស្វីសម្នាក់ឈ្មោះ Johann Jakob Wepfer បានផ្សាយពីលទ្ធផលនៃការសិក្សាករណីជំងឺ Apoplexy មួយដែលគាត់រៀបរាប់តាមដានតាំងពីអ្នកជំងឺចាប់ទន់រហូតដល់ពិនិត្យសាកសពអ្នកជំងឺ។ គាត់បានឃើញមានស្នាមធ្លាយសសៃឈាម និងដុំឈាមកកក្នុងខួរក្បាលដោយគ្មានទទួលរងការប៉ះទង្គិចពីខាងក្រៅសោះ។ មកដល់ឆ្នាំ១៩២៨ ទើបគេអាចបែងចែកជំងឺស្រ្តូកជា២ប្រភេទដោយយោងតាមមូលហេតុរបស់វា ស្ទះសសៃឈាម និងធ្លាយសសៃឈាមហើយស្រ្តូកត្រូវគេហៅជាផ្លូវការថា គ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាល (Cerebrovascular accidence ឬ CVA ជាភាសាបារាំង accident vasculocérébral ឬ AVC)។
៣. អាការៈ និងរោគសញ្ញា
អាការៈ និងរោគសញ្ញាជំងឺស្ត្រូក ឬគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាលស្តែងចេញឡើងអាស្រ័យទៅតាមតំបន់ ឬផ្នែកនៃខួរក្បាលដែលប៉ះពាល់។ អាការៈដែលគេច្រើនឃើញជាញឹកញាប់មានដូចជា អ្នកជំងឺមើលអ្វីៗនៅជុំវិញខ្លួនឃើញមិនធម្មតា (Vision change) ដូចជាឃើញរុពភាពបែកជា២ (Double vision) ស្ពឹកមុខ (Numbness of face) ទន់ដៃជើងលើកមិនរួច ទន់មួយចំហៀងខ្លួន (ខ្មែរយើងច្រើនហៅស្លាប់មួយចំហៀងខ្លួន) វង្វេងវង្វាន់ (Disorientation) និយាយស្តីមិនប្រក្រតី ដូចជានិយាយមិនច្បាស់ (Slurred speech) ឬនិយាយមិនចេញតែម្តង សតិថយចុះពិបាកយល់ពីអ្នកដទៃ ពិបាកដើរ ធីងធោង វិលមុខ (Loss of balance or loss of coordination) ឈឺក្បាលខ្លាំង ឈឺភ្លាមៗដោយមិនដឹងមូលហេតុ។

Pre-stroke or Transient Ischemic Attack (TIA) ជាសញ្ញាប្រកាសអាសន្នដែលបញ្ចាក់ថានឹងមានគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាល ឬជំងឺស្ត្រូកក្នុងពេលខាងមុខ។ អ្នកខ្លះហៅTIA ថា Mini-stroke។ TIA ស្តែងចេញជាអាការៈដូចពេលមានស្រ្តូកដែរ តែអាការៈទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេលខ្លី ភាគច្រើនតិចជាង៥វិនាទី ឬតិចជាងក្នុងរយៈពេល២៤ម៉ោង។
៤. ហានិភ័យ ឬកត្តាជំរុញឱយមានជំងឺស្ត្រូក
– អ្នកមានអាយុចាប់ពី៥៥ឆ្នាំឡើងទៅ។ លទ្ធភាពដែលអាចមានជំងឺនេះកើនឡើងទ្វេដងនៅរៀងរាល់១០ឆ្នាំ។
– អ្នកដែលមានសមាជិកក្នុងគ្រួសារ និងមានសាច់ញាតិធ្លាប់មានជំងឺនេះ។
– អ្នកមានជំងឺបេះដូងដូចជា ចុកទ្រូងដោយសារស្ទះសសៃឈាមបេះដូង បេះដូងដើរមិនទៀង (Atrial Fibrillation)។
– អ្នកធ្លាប់មានសញ្ញា TIA ពីមុនមក។
– អ្នកមានជំងឺគោលិកាក្រហមរាងកណ្តៀវ (sickle cell anemia)
– អ្នកជក់បារី
– អ្នកចូលចិត្តបរិភោគអាហារដែលសំបូរជាតិខ្លាញ់ និងប្រៃ។
– ក្រុមមនុស្សធាត់ និងអសកម្មរាង្គកាយ មិនសូវហាត់ប្រាណ។
ចំនាំ៖ ហានិភ័យជាកត្តាជំរុញ ឬជាក្រុមដែលប្រឈមនឹងជំងឺនេះ។ វាមិនមែនជាមូលហេតុពិតប្រាកដដែលបង្ករឱយមានជំងឺនេះទេ។ អ្នកជំងឺច្រើនជាក្រុមមនុស្សស្ថិតក្នុងក្រុមនេះ។ ប៉ុន្តែ ក្រុមមនុស្សទាំងនេះមិនមែនសុទ្ធតែកើតជំងឺនេះឡើយ។ ដូច្នេះ មនុស្សស្ថិតក្នុងក្រុមទាំងនេះគួរប្រយ័ត្ន ការពារ និងតាមដានសុខភាពឱយបានខ្ជាប់ខ្ជួន។
៥ ការធ្វើរោគវិនិច្ឆ័យ
ដើម្បីបញ្ជាក់ថាអ្នកជំងឺពិតជាមានជំងឺនេះពិតប្រាកដ និងអាចកំណត់ថាតើវាជាគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាលដោយសារស្ទះសសៃឈាម (Ischemic stroke) ឬដោយសារធ្លាយសសៃឈាម (Hemorrhagic stroke) ក្រុមគ្រូពេទ្យត្រូវថតខួរក្បាលដោយបច្ចេកវិទ្យា Computerized Tomography (CT scan) និង Magnetic Resonance Image (MRI)។ លើសពីនេះទៅទៀត គេអាចពិនិត្យថតដោយម៉ាស៊ីនអេកូពិសេស (Doppler Ultrasound) ថតសសៃឈាម (Arteriography) និងចាក់យកទឹកខួរឆ្អឹងខ្នងទៅពិនិត្យ (Lumbar puncture)។
៥. ការព្យាបាល
ចំណុចសំខាន់នៃការព្យាបាលជំងឺស្រ្តូក ឬគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាលគឺការយល់ដឹង ឬស្គាល់អាការៈរបស់ជំងឺនៅតំណាក់កាលដំបូងៗរបស់ជំងឺ និងឆាប់ទទួលការព្យាបាល។ ព្យាបាលកាន់តែឆាប់ លទ្ធភាពនៃការត្រឡប់មកសភាពដើមកាន់តែច្រើន។ ជំរើសដែលល្អបំផុតគឺការព្យាបាលនៅផ្នែកឯកទេសខាងជំងឺស្រ្តូកតែម្តង ដែលផ្នែកនោះមានក្រុមគ្រូពេទ្យ គិលានុបដ្ឋយិការ អ្នកបង្ហាត់ចលនាដែលទទួលការបបណ្តុះបណ្តាលពិសេស និងមានបទពិសោធន៍ក្នុងការព្យាបាលជំងឺស្រ្តូកតែម្តង។ គោលដៅនៃការព្យាបាលជំងឺស្រ្តូកឬគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាលគឺ ធ្វើឱយអ្នកជំងឺមានសភាពនឹងនរ ប្រើ Intubation បើចាំបាច់ (Intubation ជាបំពង់ដែលគេដាក់ចូលទៅក្នុងទងសួតដើម្បីសំរួលការដកដង្ហើម) និងកំណត់ប្រភេទថាតើវាជាប្រភេទស្ទះសសៃ (Ischemic Stroke) ឬជាប្រភេទធ្លាយសសៃ (Hemorrhagic Stroke)ឱយបានកាន់តែឆាប់ កាន់តែល្អព្រោះការព្យាបាលរបស់ជំងឺទាំង២ប្រភេទនេះខុសគ្នាស្រឡះ។
ក. ប្រភេទស្ទះសសៃ (Ischemic Stroke)
ចំពោះអ្នកជំងឺប្រភេទនេះ គេអាចប្រើថ្នាំរំលាយដុំឈាមកកដើម្បីធ្វើឱយដុំឈាមកកដែលបានស្ទះសសៃឈាមនោះរលាយទៅវិញ ធ្វើឱយចរន្តឈាមអាចរត់ទៅចិញ្ចឹមជាលិកាខួរក្បាលវិញបាន។ ត្រូវផ្តល់ថ្នាំរំលាយគ្រាប់ឈាមនេះឱយអ្នកជំងឺឱយបានក្នុងកំឡុងពេល៤ម៉ោងកន្លះដំបូង។ គេអាចឱយអ្នកជំងឺលេបថ្នាំការពារឈាមមិនឱយកក (Anti-clotting and blood thinners)។ ចំពោះអ្នកជំងឺដែលស្ទះសសៃឈាមធំ និងមានលទ្ធភាព គេអាចអនុវត្តន៍វិធីទាញឬបូមយកដុំឈាមកកចេញ (Thrombectomy) ក្នុងរយៈពេល៦ម៉ោងដំបូងគិតចាប់ពីអ្នកជំងឺមានអាការៈដំបូង។
របៀបបង្ការកុំឱយលាប់ឡើងវិញក្រោយមានស្រ្តូកស្ទះនៅសសៃឈាមក្នុងខួរក្បាល (Secondary prevention of ischemic stroke)
ត្រូវឱយអ្នកជំងឺលេបថ្នាំពពួកការពារឈាមកក (Anticoagulants) មានដូចជា Warfarin សំរាប់អ្នកជំងឺដែលគ្មានជំងឺបេះដូងដើរមិនទៀងតែគ្មានខូចប្រឹសបេះដូង ( Non-valvular atrial fibrillation)។ ថ្នាំការពារឈាមកកមួយប្រភេទទៀតគឺពពួក Anti-platelet aggregation មានដូចជា Aspirin, Clopidogrel or Plavix, Ticlopidine or Ticlid, Ticagrelor or Brilinta ជាដើម។ ក្នុងករណីខ្លះ គ្រូពេទ្យចាំបាច់ត្រូវធ្វើការវះកាត់សសៃឈាមធំដែលទៅចិញ្ចឹមខួរក្បាលនៅត្រង់កដើម្បីឆ្កឹះយកក្រមរចេញ (Carotid endarterectomy)។
ខ. អ្នកជំងឺប្រភេទធ្លាយសសៃឈាម (Hemorrhagic Stroke)
ចំពោះអ្នកជំងឺប្រភេទនេះ ចាំបាច់ត្រូវការពិនិត្យ និងព្យាបាលពីគ្រូពេទ្យឯកទេសវះកាត់ខួរក្បាល។ អ្នកជំងឺខ្លះ គេអាចជួយបានដោយការវះកាត់ ឬការអនុវត្តន៍វីធីបិទ ឬបំបិទប្រហោងដែលសសៃឈាមប៉ោងធ្លាយ (Endovascular occlusion of an aneurysm)។

គ. ការថែទាំអ្នកជំងឺ និងស្តារសប្បទារឡើងវិញ (Rehabilitation)
លំហាត់ប្រាណដើម្បីស្តារសប្បទារអ្នកជំងឺស្រ្តូក ឬគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាលគួរចាប់ធ្វើឱយបានឆាប់តាមដែលអាចធ្វើទៅបាន និងអាចធ្វើត្រឹមពីរបីថ្ងៃ ឬរហូតដល់រាប់ឆ្នាំ(can last for a few days to over a year?)។ អ្នកជំងឺពិការដោយសារគ្រោះថ្នាក់សសៃឈាមខួរក្បាលត្រូវធ្វើការព្យាបាលដោយចលនាតាមបែបរូបកាយ (Physical therapy)គឺរៀនក្រោក រៀនដើរ និងរៀនធ្វើសកម្មភាពផ្សេងៗទៀតដើម្បីឱយជួយបង្កើនមុខនាទីកោសិការប្រសាទដែលមាននាទីបញ្ជារចលនា (Motor function)ដែលខូច ឱយដំណើរការបានវិញ។ ព្យាបាលដោយចលនាតាមបែបមុខងារ (Occupational therapy) ឬរៀនធ្វើសកម្មភាពប្រចាំថ្ងៃ មានដូចជាហូប ផឹកទឹក (អ្នកជំងឺខ្លះពិបាកលេបអាហារ និងភេសជ្ជៈ) ស្លៀកពាក់ ងូតទឹក ដាំស្ល អាន សរសេរ ចូលបន្ទប់ទឹកបត់ជើងតូច ធំជាដើម។ ក្រៅពីនោះ អ្នកជំងឺខ្លះត្រូវការព្យាបាលផ្នែកនិយាយ និងផ្នែកភាសា (Speech and language therapy)ដើម្បីអាចឱយអ្នកជំងឺអាចយល់ពីពាក្យជាសំដី និងជាអក្សរសរសេរ។
បញ្ជាក់៖ ក្នុងករណីប៉ះពាល់ខួរក្បាលផ្នែកដែលទទួលរាប់រងផ្នែកភាសា អ្នកជំងឺពិបាកយល់ពីអ្វីដែលគេនិយាយមកខ្លួន ពិបាកអាន និងពិបាករកពាក្យ ឬផ្គុំពាក្យជាឃ្លាប្រយោគដើម្បីតបទៅគេវិញជាសំដី ឬពាក្យសរសេរណាស់។
ឃ. ចំពោះអ្នកជំងឺ TIA
គេត្រូវពិនិត្យវាយតំលៃ និងធ្វើអន្តរាគមន៍ភ្លាមៗ (ល្អបំផុតគឺក្នុងកំឡុងពេល១ថ្ងៃបន្ទាប់ពីស្ទះសសៃឈាមខួរក្បាល) បន្ទាប់ពីមាន TIA ឬស្រ្តូកស្រាល (មិនមានពិការ) ការធ្វើរបៀបនេះអាចការពារមិនឱយវាក្លាយទៅជាស្រ្តូកមែនទែនបាន ឬការពារកុំឱយមានលាប់មកវិញចំពោះអ្នកជំងឺដែលធ្លាប់មានស្រ្តូករួចមកហើយ។ វិធីព្យាបាល TIA ឬស្រ្តូកគឺត្រូវប្រើថ្នាំប្រឆាំងនឹង platelet ពពួក antiplatelet or anticoagulant (ថ្នាំទប់កុំឱយឈាមកក) និងថ្នាំបញ្ចុះជាតិខ្លាញ់ statin ថ្នាំរក្សាសំពាធឈាម (anti hypertensive medication) ព្រមទាំងផ្លាស់ប្តូររបៀបរបបរស់នៅប្រចាំថ្ងៃដូចជាឈប់ជក់បារីជាដើម។ ការព្យាបាលដោយវិធី carotid endarterectomy អាចធ្វើក្នុងករណីចាំបាច់។
រៀបរាងដោយ វេជ្ជបណ្ឌិតតាំង តេកហុង
ក្រុងចាកសុនវាល រដ្ឋហវ្លរីដា សហរដ្ឋអាមេរិច
Sources: