១. សេចក្តីផ្តើម
តម្រងនោមដើរតួរជាតំរងច្រោះបញ្ចេញកាកសំណល់សរីរាង្គ និង ជាតិទឹកដែលលើស ចេញពីរាងកាយ។ តម្រងនោមទាំង២ អាចច្រោះឈាមបានប្រមាណ ១៨៩ លីត្រ ក្នុងមួយថ្ងៃ ចេញបានជាទឹកនោមចន្លោះពី ០.៨៩ ទៅ ០.៩៦ លីត្រ យោងតាមមូលនិធីតម្រងនោមជាតិ
(National Kidney Foundation) ។ កាកសំណល់ក្នុងឈាម គឺបានមកពីសាច់ដុំដែលសកម្មខូច និង អាហារដែលយើងទទួលទានរៀងរាល់ថ្ងៃ។ តម្រងនោមធម្មតាមួយមានផ្ទុកតំរងចំរោះ តូចល្អិត ដែលគេច្រើនហៅថា ណេហ្រ្វុង (Nephrons) ជាង១លាន។ ទំហំរបស់តម្រងនោម រួមតូចជាលំដាប់ទៅតាមវ័យចំណាស់របស់មនុស្ស។ ជាលទ្ធផល អត្រាចំរោះទឹកនោម (Glomerular filtration ration rate ឬGFR) ក៏ថយចុះផងដែរ។ អត្រាចំរោះរបស់តម្រងនោមនេះ ជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីវាស់សមត្ថភាពរបស់តម្រងនោម ឬនិយាយមួយបែបទៀត ជាវិធីវាស់ឱយដឹងថាតំរងនោមនៅល្អបានកំរិតណា ដោយប៉ាន់ប្រមាណឈាមដែលហូរកាត់ចំរោះតំរងនោមជារៀងរាល់នាទី។ អត្រាចំរោះធម្មតា (GFR) របស់តំរងនោមមនុស្សពេញវ័យអាច 90 ml/m in/1.73 m²នៃផ្ទៃរាងកាយ ឬអាចច្រើនជាងនេះ។

Credit Photo: Taber’s Cyclopedic Medical Dictionary, page 1266; Edition 21

Credit Photo: Taber’s Cyclopedic Medical Dictionary, page 1267; Edition 21
អត្រាចំរោះរបស់តំរងនោម(GFR) អាចគណនាបានតាមរូបមន្តគណិតវិទ្យាដោយយកកំរិតជាតិក្រេអាទីនីន (Creatinine) ក្នុងឈាមជាគោល។ ក្រេអាទីនីន (Creatinine) ជាកាកសំណល់សរីរាង្គដែលសាច់ដុំបញ្ចេញចោលទៅក្នុងឈាម។ កំរិតជាតិក្រេអាទីនីនក្នុងឈាមអាចប្រែប្រួលទៅតាមអាយុ ភេទ និងជាតិសាសន៍។ នៅពេលកំរិតក្រេអាទីនីនក្នុងឈាមឡើងខ្ពស់ ជាសញ្ញាមួយបង្ហាញថាតម្រងនោមចុះខ្សោយ ឬជាសញ្ញាជំងឺតម្រងនោមតែម្តង។ ក្នុងករណីដែលតម្រងនោមចុះខ្សោយដោយប្រការណាមួយ កម្រិតជាតិក្រេអាទីនីនក្នុងឈាមកើនឡើង ដោយសារតំរងនោមមិនអាចបញ្ចេញក្រេអាទីនីនទៅតាមទឹកនោមបានល្អ។ ការកើនឡើងកំរិតជាតិក្រេអាទីនីនខ្ពស់ខុសប្រក្រតីជាសញ្ញាអាសន្នដែលបង្ហាញពីតំរងនោមខូច ឬចុះខ្សោយ។
ជំងឺខ្សោយតំរងនោមរាំរៃគឺជាជំងឺដែលតំរងនោមខូច (តាមធម្មតា គេពិនិត្យឃើញជាតិអាល់ប៊ុយមីនក្នុងទឹកនោមច្រើនជាង៣០មីលីក្រាមក្នុងមួយថ្ងៃ) ឬតំរងនោមចុះខ្សោយ ដែលអត្រាចំរោះរបស់តំរងនោម (eGRF) ដែលគេប៉ាន់ប្រមាណមានតិចជាង 60/mn/1,73 m 2 រយៈពេល៣ខែ ដោយមិនគិតពីមូលហេតុដែលបង្ករឡើយ។ ការខូចខាតរបស់តំរងនោម ឬការចុះខ្សោយរបស់មុខងារតំរងនោមរយៈពេល៣ខែជាប្រចាំនេះ (Persistence) ជាចំនុចដែលគេញែកឱយដាច់រវាងជំងឺខ្សោយតំរងនោមរាំរ៉ៃ និងជំងឺតំរងនោមស្រួចស្រាវ ឬខ្សោយភ្លាមៗ(Acute Kidney Disease)។
នៅក្នុងសហរដ្ឋអាមេរិច បើយោងតាមវិទ្យាស្ថានជាតិជំងឺ ទឹកនោមផ្អែម ជំងឺប្រព័ន្ធរំលាយអាហារ និង ជំងឺតម្រងនោម ក្នុងចំណោមប្រជាជនពេញវ័យ ១០នាក់ មានម្នាក់មានជំងឺខ្សោយតំរងនោមរាំរ៉ៃក្នុងតំណាក់កាលណាមួយ។ អត្រាអ្នកកើតជំងឺខ្សោយតំរងនោមរាំរ៉ៃថ្មីៗ (Prevalence) ឡើងខ្ពស់ទៅតាមអាយុ គួរឱយកត់សំគាល់ ក្នុងនោះ ជាពិសេសអត្រា នេះឡើងខ្ពស់ក្នុងចំនោមប្រជាជនដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ៤%ក្នុងចំនោម ប្រជាជនដែលមានអាយុចន្លោះពី២៩ទៅ៣៩ឆ្នាំ ៤៧%ក្នុងចំនោមប្រជាជនដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ។
យោងតាមការសិក្សាសាកល្បងមួយក្នុងឆ្នាំ ២០១២ នៅ Mercy Medical Center នៅកម្ពុជា ក្នុងចំណោមអ្នកជំងឺ ៨២០ នាក់ គេបានរកឃើញថា ៣០.៦% មានជាតិប្រូតេអីន ឬមានឈាមក្នុងទឹកនោម ៣៩%មានគោលិកាសច្រើនជាង១ ។ សរុបរួមមក ៥៣,៩% នៃអ្នកជំងឺទាំងនោះ គេរកឃើញភាពមិនប្រក្រតីមួយឬច្រើនជាងនេះ ក្នុងលទ្ធវិភាគទឹកនោម។ នេះបញ្ជាក់ថាអ្នកទាំងនោះមានជំងឺតម្រងនោមស្ងៀមស្ងាត់ និងជំងឺលើសសំពាធឈាម។ ការសិក្សាមួយទៀតដែលគេសិក្សាលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ដែលនៅទីជនបទ ប្រទេសកម្ពុជា ចន្លោះឆ្នាំ ២០១០ ដល់ ២០១២ បានបង្ហាញថា ប្រជាជនកម្ពុជាដែលមានជំងឺទឹកនោមផ្អែមច្រើនជាងពាក់កណ្តាល មានអត្រាចំរោះទឹកនោម (eGFR) របស់តំរងនោមចុះ។ នេះបញ្ជាក់ថាកម្ពុជាមានអត្រាអ្នកកើតជំងឺខ្សោយតំរងនោមរាំរ៉ៃ១,២%ក្នុងចំនោមមនុស្សពេញវ័យនៅកម្ពុជា។
២.មូលហេតុបង្ករ
ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃមានមូលហេតុមួយចំនួនដូចជា៖
–
ជំងឺតម្រងនោមដោយទឹកនោមផ្អែម (Diabetic
Kidney Disease)
– ជំងឺលើសំពាធឈាម (Nephrosclerosis)
– ជំងឺសសៃឈាម (Vascular
Disease) មានដូចជា ស្ទះសសៃឈាមទៅតំរងនោម (Renal
artery stenosis, renal vein thrrombosis)
–
ជំងឺតំរងនោម Glomerular
disease ក្នុងនោះមានជំងឺដែលកើតនៅសាច់តំរងនោមផ្ទាល់ (Primary)មាន membranous nephropathy, focal and segmental glomerulosclerosis, membranoproliferative
glomerulonephrite ។ ជំងឺផ្សេងដែលបង្ករផលវិបាកដល់តំរងនោម (Secondary) មានដូចជា diabetes mellitus, systemic lupus
erythematosus, hepatitis B and C, HIV ។ល។
– ជំងឺគីស្ត៍នៅតម្រងនោម (Cystic
kidney disease)
– ជំងឺតំរងនោមប្រភេទ Tubulointertitial
disease
(បង្ករដោយថ្នាំ sulfonamides, Allopurinol,និងលោហៈពុលដទៃទៀត)។
– ជំងឺស្ទះផ្លូវទឹកនោម (Urinary tract obstruction) ដូចជា
ក្រពេញប្រូស្តាតរីកធំ,
គ្រួសតម្រងនោម, បង្ហួរនោមរួមតូច, ដុំមហារីក និង ក្រិនស្រោមពោះ(Peritoneal
fibrosis)។
- ជំងឺតម្រងនោមស្រួចស្រាវមិនជាសះស្បើយ (Unrecovered acute kidney injury)
៣.ដំណាក់កាលនៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
គេចែកជំងឺខ្សោយតំរងនោមរាំរ៉ាំជា៥ដំណាក់កាល៖
- ដំណាក់កាលទី១ តម្រងនោមខូចខាត
តែមាន អត្រាចំរោះតំរងនោម (GFR)ឃើញនៅធម្មតា
ឬកើនឡើង > 90 ml/min/1.73 m²។
– ដំណាក់កាលទី២ តម្រងនោមខូចតិចតួច
អត្រាចំរោះទឹកនោម (GFR) នៅចន្លោះ 60-89 ml/min/ 1.73 m²
– ដំណាក់កាលទី៣. តំណាក់កាលនេះគេចែកជា២ទៀត។
+តំណាក់កាល3a: តម្រងនោមខូចគួសម អត្រាចំរោះទឹកនោម (GFR)នៅចន្លោះ 45-59 ml/min/ 1.73 m²
+ដំណាក់កាលទី៣ b: តម្រងនោមបន្តខូចគួរសម អត្រាចំរោះទឹកនោម
(GFR) 30-44
mL/min/1. 73 m²
– ដំណាក់កាលទី៤ តម្រងនោមខូចខាតធ្ងន់ធ្ងរ
អត្រាចំរោះទឹកនោម (GFR) 15-29 mL/min/1.73 m²
– ដំណាក់កាលទី៥ តម្រងនោមខ្សោយ ឬ ដំណាក់កាលលាងឈាម
អត្រាចំរោះទឹកនោម (GFR) ទាបជាង 15 mL/min/1.73m²
៤.សញ្ញានិងរោគសញ្ញានៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
ជាទូទៅ អ្នកជំងឺដែលក្នុងចន្លោះដំណាក់កាលទី១ ដល់ទី ៣ ពុំមានអាការៈអ្វីគួរកត់សម្គាល់ទេ។ នៅពេលវិវត្តន៍ចាប់ដល់ដំណាក់កាលទី៤ និងទី៥ (អត្រាចំរោះទឹកនោម តិចជាង 30 ml/min/ 1.73 m2 ) ក្រពេញអង់ដូគ្រីន និងប្រត្តិកម្មមេតាបូលិសក្នុងខ្លួនចាប់ប្រែប្រួល មានផលរំខានទឹក ឬអតុល្យភាពសារធាតុខនិចឬអេឡិចត្រូលីត្រ ដែលស្តែងចេញជារោគសញ្ញាមួយចំនួន។
– Metabolic Acidosis (ប្រត្តិកម្មធ្វើឱយឈាមក្លាយជាមជ្ឍដ្ឋានអាស៊ីត): ជាសញ្ញាដែលស្តែងឡើងនៅពេលតម្រងនោមខូចខាតដំណាក់កាលទី៥ ដែលគេអាចឃើញមានតាមរយៈ កង្វះជាតិប្រូតេអ៊ីន(Protein-energy malnutrition) ស្រកទំងន់ និង សាច់ដុំចុះខ្សោយ។
– មានអតុល្យភាពទឹកនិងអំបិលក្នុងរាងកាយ។ នៅតំណាក់កាលទី៥ អ្នកជំងឺខ្សោយ តំរងនោម មានបញ្ហាហើមនៅតាមចុងអវយវៈ(Peripheral edema) ហើមសាច់សួត (Pulmonary edema) និងលើសសំពាធឈាម។
– កង្វះគោលិកាក្រហម (Anemia): នេះជាបញ្ហាដែលធ្វើឱយអ្នកជំងឺអស់កំលាំង មិនអាចធ្វើពលកម្ម ឬហាត់ប្រាណបានច្រើន វង្វេង (Impaired cognitive) ប្រព័ន្ធប្រឆាំងនិង មេរោគចុះខ្សោយ(Impaired immune function) ទ្រុឌទ្រោម (Reduced quality of life) វិវត្តន៍ទៅជាមានជំងឺបេះដូងនិងសសៃឈាម អាចចាប់មានជំងឺខ្សោយបេះដូង ឬក៏មានជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ មរណភាពដោយសារជំងឺបេះដូងកើនឡើង។
– ជាតិអ៊ុយរ៉េក្នុងឈាម (Uremia): អ្នកជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ (End-stage renal disease) តែងមានបញ្ហាជាតិអ៊ុយរ៉េកើនឡើងក្នុងឈាម ជាពិសេសអ្នកដែលគ្មានលទ្ធភាពលាងឈាម(Dialyzed)បានគ្រប់គ្រាន់។ ការណ៍នេះធ្វើឱយពួកគេអាចមានរលាកស្រោមបេះដូង (Pericarditis) (ដែលអាចបណ្តាលមកពីទឹកដក់ស្រោមបេះដូង ដែលរួមរឹតបេះដូងមិនអាចច្របាច់ឈាមបាន ហើយអាចបង្ករអោយស្លាប់បានបើមានការអ្នកជំងឺ ឬគ្រូពេទ្យមិនបានយល់ដឹងពីរឿងនេះ)។ ជាតិអ៊ុយរ៉េធ្វើឱយពុលខួរក្បាល (Encephalopathy)ដែលអាចធ្វើឱយអ្នកជំងឺសន្លប់ ឬស្លាប់បាន។
ក្រៅពីនោះ អ្នកជំងឺអាចមានផលប៉ះពាល់ផ្សេងទៀតមានដូចជា សសៃប្រសាទនៅ ចុងដៃចុងជើង (Peripheral neuropathy ដែលជាទូទៅមិនស្តែងជាអាការៈអវីទេ) ញ៉ាក់ជើងឬ (Restless leg syndrome) មានអាការៈប្រព័ន្ធរំលាយអាហារ មានដូចជា មិនឃ្លានចំណី ក្អួត ចង្អោរ និងរាកជាដើម; អាការៈលើស្បែក មានដូចជាស្បែកស្ងួត រមាស់ និងឡើងជាំ។ លើសពីនេះ មានអាការៈមួយចំនួនទៀត ដូចជាអស់កំលាំង រហិតរហៃ មិនអាចមានកំលាំងកំហែង កង្វះអាហារូបត្ថម្ភ មិនឡើងមេ (Erectile Dysfunction) បាត់បង់ចំណង់ផ្លូវភេទ (Decreased libido) រាំងរដូវ (Amenorrhea) គ្រាប់ឈាមប្លាកែតបាត់បង់មុខងារ (ប្លាកែតធ្វើឱយឈាមកក) ដែលអាចនាំឱយអ្នកជំងឺងាយហូរឈាម។
៥.ការធ្វើរោគវិនិច្ឆ័យ
៥. ១. ការធ្វើតេស្ត៍មន្ទីរពិសោធន៏
ការធ្វើតេស្ត៍នេះរួមមាន ការពិនិត្យកោសិកាឈាម , ពិនិត្យកំរិតមេតាសាម៉ាសធាតុក្នុងប្រត្តិកម្មគីមីក្នុងរាងកាយ (Metabolic panel) ពិនិត្យទឹកនោម ពិនិត្យជាតិអាល់ប៊ុយមីនក្នុងឈាម (អ្នកជំងឺអាចមានកម្រិតអាល់ប៊ុយមីនទាបក្នុងឈាម ដោយសារកង្វះអាហារូបត្ថម្ភ ដោយសារបាត់ជាតិអាល់ប៊ុយមីនតាមទឹកនោម ឬដោយសារប្រតិកម្មរលាករ៉ាំរ៉ៃ) ពិនិត្យ កំរិតជាតិខ្លាញ់ក្នុងឈាម (ពីព្រោះអ្នកជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃមានហានិភ័យជំងឺបេះដូងនិងសសៃឈាម)។
លើសពីនេះ គ្រូពេទ្យអាចពិនិត្យរកភស្តុតាងបញ្ហាឆ្អឹងដែលបណ្តាលមកពីតំរងនោម។ ភ័ស្តុតាងទាំងនោះមាន កំរិតជាកាល់ស្យូមក្នុងឈាម កំរិតជាតិផូស្វាត កំរិតជាតិវីតាមីនដេ (25-hydroxy vit D), alkaline phosphatase, កំរិតជាតិអ័រម៉ូន parathyroid hormone (PTH) ។
ក្នុងករណីខ្លះ គ្រូពេទ្យអាចស្នើរសុំពិនិត្យសារធាតុមួយចំនួនទៀតដើម្បីវាយតំលៃស្ថានភាពជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃនេះ។ សារធាតុទាំងនោះរួមមាន ជាតិប្រូតេអ៊ីនក្នុងឈាម និងទឹកនោម សុំធ្វើ electrophoresis និង free light chains ដើម្បីពិនិត្យរក monoclonal protein (អាចជាសញ្ញារបស់ជំងឺ Multiple Myeloma) anti-nuclear antibody ( ANA ), double-stranded DNA antibody levels (ដើម្បីរកមើលជំងឺ Systemic lupus erythematosis) ពិនិត្យរកកំរិត Complement ក្នុងឈាម (បើលទ្ធផលចេញមកចុះទាប វាអាចមកពីជំងឺរលាកតំរងនោមប្រភេទ Glomerulonephritis) ស្វែងរកកំរិតអង្គបដិបប្រភេទ cytoplastic and perinuclear pattern antineutrophilic anti-body (C/ANCA and P- ANCA បើពិនិត្យទៅឃើញថាវិជ្ជមាន វាអាចជួយកំណត់ឱយដឹងថាមានជំងឺ granulomatosis with polyangiitis or Wegener granulomatosis ។ P – ANCA ក៏ជួយឱយគ្រូពេទ្យកំណត់ដឹងពីជំងឺ Polyangitis ។ ពិនិត្យមើល Antiglomerular basement membrane (anti-– GMB) ក៏អាចជួយផងដែរ។ ក្នុងករណីវាឡើងខ្ពស់ វាអាចជាសញ្ញារបស់ជំងឺ Goodpasture syndrome ។ គ្រូពេទ្យក៏អាចពិនិត្យរកជំងឺរលាកថ្លើមប្រភេទ បេ សេ មេរោគ HIV ពិនិត្យមើល VDRL serology ដែលជំងឺទាំងនេះអាចមានទាក់ទងនិងជំងឺរលាកតំរងនោម glomerulonephritides ។
៥. ២. ថតរូបវេជ្ជសាស្ត្រ
៥. ២. ១. ថតអេកូស៍តម្រងនោម ដើម្បីស្វែងរកមើលថាក្រែងមានទឹកដក់ក្នុងតម្រងនោម (Hydronephrogenesis) ដែលករណីនេះគេច្រើនមិនចាប់អារម្មណ៍ ឬមើលរំលងក្នុងករណីមានស្ទះដំបូងៗ ឬក្នុងករណីអ្នកជំងឺបាត់បង់ជាតិទឹក។ ការថតអេកូស៍តំរងនោមនេះ គ្រូពេទ្យក៏អាចរកមើលទំនាក់ទំនងករណីសរីរាង្គនៅក្រោយស្រោមពោះ (Retropenitoneum fibrosis) មានដូចជាតំរងនោម ប្លោកនោម ស្បូន(ចំពោះស្ត្រី) ឡើងក្រិន ដុំសាច់ដែលដុះមិនប្រក្រតី ឬជំងឺក្រពេញដទៃទៀត (Diffuse adenopathy)។ គេអាចឃើញមានរូបភាព Small echogenic kidneys មាននៅលើអ្នកជំងឺខ្សោយតំរងនោមនៅតំណាក់កាលធ្ងន់ធ្ងរ។
៥. ២. ២. ថតឆ្លុះតាមតាម Retrograde pyelography: បច្ចេកទេសថតរបៀបនេះជួយបានពេលគរសង្ស័យថាមានស្ទះនៅតាមផ្លូវទឹកនោម តែថតអេកូស៍មិនឃើញមានអ្វី។ នេះជាវិធីមួយក្នុងការកំណត់ ឬរកឱយដឹងថាមានគ្រួសតាមផ្លូវទឹកនោម។
៥.២.៣. ថត ស៊ីធីស្គែន ( Computerized Tomography): បច្ចេកទេសថតនេះអាចឱយគេដឹងច្បាស់ពីដុំសាច់ និងគិស្ទ៍ដែលពេលថតអេកូស៍ឃើញ។ វាជាបច្ចេកទេសដែលមានប្រសិទ្ធិភាពខ្ពស់ដើម្បីកំណត់ពីគ្រាប់គ្រួសក្នុងតំរងនោម។
៥. ២. ៤. ថតដោយ MRI (Magnetic Resonance Imaging): គេប្រើបច្ចេកទេសនេះជំនួសស៊ីធីស្គែនក្នុងករណីដែលអ្នកជំងឺត្រូវការថតស៊ីធីស្គែន តែមិនអាចទទួលថ្នាំដែលគេចាក់តាមសសៃឈាមដើម្បីថតស៊ីធីស្គែនបាន (Intravenous contrast)។ វាក៏អាចជួយឱយគេរកឃើញ ឬដឹងពីដុំឈាមកកដែលធ្វើឱយស្ទះសសៃឈាមនៅតំរងនោមយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។
៥. ២. ៥. ថតតាមបច្ចេកទេស Radionucleide scanning: គេប្រើបច្ចេកទេសនេះដើម្បីស្វែងរកមើលសសៃឈាម Renal Artery មានស្ទះដែរឬអត់ ដោយឱយអ្នកជំងឺលេបថ្នាំ Captopril also quantitate the renal contribution to the GFR។
៥. ៣. ច្រឹបសាច់តំរងនោមយកមកពិនិត្យ គ្រូពេទ្យអនុវត្តន៍វិធីចាក់ម្ជុលដើម្បីច្រឹបយកសាច់តំររងនោមយកមកពិនិត្យក្នុយករណីអ្នកជំងឺខ្សោយតំរងនោម មានឡើងជាតិប្រូតេអ៊ីនក្នុងទឹកនោម ដែលគ្រូពេទ្យមិនអាចកំណត់រករោគវិច្ឆ័យច្បាស់បន្ទាប់ពីធ្វើតេស្ត៍ និងថតតាមវិធីនានាខាងលើបានត្រឹមត្រូវក៏ដោយ។

Credit Photo: Mayo Clinic
៦. ការព្យាបាល
ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃជាហានិភ័យខ្ពស់មួយនៃជំងឺមួយចំនួន មានជាអាទិ៍ជំងឺបេះដូងនិងសសៃឈាម ជំងឺតំរងនោមតំណាក់កាលចុងក្រោយ (End Stage Renal Disease) ការឆ្លងមេរោគ ជំងឺមហារីក និងមរណភាព។ គោលដៅនៃការការព្យាបាល ជំងឺខ្សោយតំរងនោមគឺព្យាបាលមូលហេតុដែលបង្ករឱយតំរងនោមខូច ការពារ ឬទប់ស្កាត់កុំឱយជំងឺតំរងនោមវិវឌ្ឍន៍ទៅមុខលឿន។
ថ្នាំបំបាត់ការឈឺចាប់ប្រភេទ Non-steroidal anti inflammatory drugs (NSAIDs) ដែលប្រជាជនទូទៅហៅថាថ្នាំសសៃ មានដូចជា as Ibuprofen ( Advil, Motrin ), Naproxen ( Aleve ) ដែលគេស្គាល់ជាទូទៅថាជាហានិភ័យមួយដែលជំរុញឱយជំងឺតំរងនោមវិវឌ្ឍន៍ទៅមុខលឿនដោយសារវាទៅបន្ថយចរន្តឈាមហូរទៅតំរងនោម។ ការប្រើប្រាស់ថ្នាំនេះក្នុងកំរិតធម្មតាមិនអាចជំរុញឱយជំងឺខ្សោយតំរងនោមវិវឌ្ឍន៍ទៅលឿនគួរឱយកត់សំគាល់ទេ លើកលែងតែការប្រើប្រាស់ថ្នាំនេះក្នុងកំរិតខ្ពស់ ដូចនេះ អ្នកជំងឺតំរងនោមអាចប្រើថ្នាំប្រភេទនេះក្នុងកំរិតទាបបានក្នុងករណីចាំបាច់។
៦. ១. ការព្យាបាលផលវិបាកនានារបស់ជំងឺតំរងនោម
៦. ១. ១. កង្វះគោលិកាក្រហម ឬភាពស្លេកស្លាំង (Anemia)
នៅពេលដែលអេម៉ូក្លូប៊ីន (ជាប្រតេអ៊ីនរបស់គោលិកាក្រហមដែលមាននាទីចាប់យកអ៊ុកស៊ីហ្ស៊ែន) ធ្លាក់ចុះក្រោម ១០ g/dL គ្រូពេទ្យអាចចាប់ព្យាបាលដោយប្រើថ្នាំជំរុញឱយមានការផលិតគោលិកាក្រហមច្រើនជាងមុន (Erythropoiesis stimulating agents or ESAs) ដែលក្នុងនោះមាន Epoetine Alpha and darbepoetin Alpha បន្ទាប់ពីកំរិតជាតិដែកក្នុងឈាម Iron saturation and Ferritin levels ស្ថិតក្នុងកំរិតសមស្របមួយ។
៦. ១. ២. លើសជាតិផូស្វាតក្នុងឈាម
គេឱយអ្នកជំងឺបរិភោគអាហារដែលមានជាតិផូស្វាតតិច និងបរិភោគអាហារដែលសំបូរសារធាតុចាប់យកជាតិផូស្វាត មានដូចជាជាតិអាលុយមីញ៉ូមអ៊ីដ្រុកស៊ីត កាល់ស្យូមកាបូណាត (មានថ្នាំTums, Oscal ល )
៦. ១. ៣. ខ្វះជាតិកាល់ស្យូម
គេឱយអ្នកជំងឺប្រើថ្នាំជាតិកាល់ស្យូមដែលមាន ឬគ្មានជាតិ Calcitrol។
៦. ១. ៤. លើសជាតិអ័រម៉ូន Parathyroid
គេព្យាបាលអ្នកជំងឺដោយឱយថ្នាំដែលមាននាទីដូច Calcitrol ឬវីតាមីនដេ (calcitriol or vitaminD analogues) ឬថ្នាំដែលមានប្រត្តិកម្មដូចកាល់ស្យូម ពពួក Calcimimetics ដែលទៅបញ្ចុះកំរិតជាតិអ័រម៉ូនParathyroid ក្នុងឈាម។
៦. ១. ៥. ចាល់ជាតិទឹក
ព្យាបាលដោយប្រើថ្នាំបញ្ចុះទឹកនោមប្រភេទ Loops Diuretics ឬ Ultrafiltration។
៦. ១. ៦. កំរិតជាតិអាស៊ីតឡើងក្នុងឈាម (Metabolic Acidosis)
ព្យាបាលដោយឱយអ្នកជំងឺទទួលទានល្បាយដែលមានជាតិបាស (Alkali) មានដូចជាល្បាយសួដ្យូមប៊ីកាបូណាតជាដើម។
៦. ១. ៧. ជាតិអ៊ុយរ៉េកើនឡើងក្នុងឈាម
ករណីនេះ គេព្យាបាលដោយលាងឈាម (hemodialysis, peritoneal dialysis) ឬប្តូរតំរងនោម ឬគ្រលៀនថ្មី (Renal Transplant)។
៦. ២. សញ្ញាដែលត្រូវព្យាបាលដោយលាងឈាម ឬវះកាត់ប្តូរតំរងនោម(Renal Replacement Therapy or RRT)
គ្រូពេទ្យចាប់ព្យាបាលដោយលាងឈាមក្នុងករណីដែលមានកំរិតជាតិអាស៊ីតឈាមខ្ពស់(Severe Metabolic Acidosis) លើសជាតិប៉ូតាស្យូម រលាកស្រោមបេះដូង(Pericarditis) ពុលខួរក្បាល (Encephalopathy) ចាល់ជាតិទឹកដែលមិនអាចព្យាបាលដោយថ្នាំបាន (Intractable Volume Overload) មិនអាចលូតលាស់(Failure to thrive) កង្វះអាហារូបត្ថម្ភ មានបញ្ហាសសៃប្រសាទនៅតាមចុងដៃចុងជើង (Peripheral neuropathy) មានបញ្ហាក្រពះពោះវៀនដែលមិនអាចព្យាបាលឱយធូរស្បើយបាន មានអត្រាចំរោះទឹកនោម GFR of 5-9 mL /min/1.73 m² ដោយមិនដឹងមូលហេតុច្បាស់ចំពោះអ្នកជំងឺដោយគ្មានអាការៈអ្វី រួមផ្សំជាមួយជំងឺដទៃ ឬគ្មានជំងឺដទៃ។ ក្រៅពីលាងឈាមដោយម៉ាស៊ីន គ្រូពេទ្យអាចព្យាបាលដោយវះកាត់ប្តូរតំរងនោម ឬក្រលៀនបាន។
ការលាងសំអាតឈាមគឺជាតំណើរការដកកាកសំណល់សរីរាង្គដែលបានមកពីប្រត្តិកម្មគីមីក្នុងសរីរាង្គចេញពីឈាមខណៈដែលតំរងនោមលែងអាចបំពេញតួនាទីរបស់ខ្លួនបាន។ លើសពីនេះ តំណើរការនេះអាចដកជាតិអំបិល នឹងទឹកដែលលើសក្នុងឈាមចេញ និងជួយរក្សាសំពាធឈាមផងដែរ។ តំណើរការលាងឈាមនេះមាន២ប្រភេទ៖
៦. ២. ១. លាងឈាមក្នុងពោះ (Peritoneal Dialysis)
ក្នុងពោះ មានស្រទាប់ភ្នាសមួយដែលដើរតួរជាតំរងច្រោះធម្មជាតិ។ កាកសំណល់សរីរាង្គត្រូវស្រូបយកដោយសារធាតុរាវមួយប្រភេទហៅថា Dialysate ដែលសំអាតចេញ និងចូលពីក្នុងពោះជាវដ្ត។ ការលាងសំអាតឈាមក្នុងពោះនេះមាន២ប្រភេទ៖
៦. ២. ១. ១. Continuous Ambulatory Peritoneal Dialysis (CAPD): ជាវិធីសាស្ត្រលាងឈាមដែលអ្នកជំងឺមិនចាំបាច់ត្រូវមកអង្គុយ ឬសំរាកក្នុងមន្ទីរពេទ្យភ្ជាប់ជាមួយម៉ាស៊ីនលាងឈាមឡើយ។ អ្នកជំងឺអាចទៅប្រកបការងារ ឬទៅរៀននៅសាលាបាន។ គ្រូពេទ្យចាក់បញ្ចូលសារធាតុរាវដែលស្រូបយកកាកសំណល់សរីរាង្គ ប្រហែល ២ quarts (ប្រហែល ២,៣០លីត្រ)ចូលក្នុងពោះ ដោយលើកថង់ផ្ទុកសារធាតុរាវនេះទៅកំពស់ស្មើនឹងស្មាដើម្បីឱយវាហូរចូលអាងពោះ (Peritoneal cavity)។ ពេលសារធាតុរាវនេះហូរអស់ពីថង់ អ្នកជំងឺអាចដោះវាចោលបាន។នៅពេលដែលសារធាតុស្រូបយកកាកសំណល់ពេញ គ្រូពេទ្យបើកបង្ហូរវាចេញមកវិញ។ តំណើរការលាងនេះធ្វើឡើងចន្លោះពី៣ ទៅ៥ដង ក្នុងរយៈពេល២៤ម៉ោង ក្នុងកំឡុងពេលអ្នកជំងឺដឹងខ្លួន និងកំពង់បំពេញការងាររបស់ខ្លួន។ គេត្រូវការពេលប្រហែលចន្លោះពី៣០ទៅ៤០នាទី។ អ្នកជំងឺខ្លះនិយមធ្វើនៅពេលទទួលទានអាហារ និងពេលគេង។

Credit Photo: Porth’s Pathophysiology, Concepts of Altered Health States; 9th Edition
៦. ២. ១. ២. Automated Peritoneal Dialysis ( APD ) ជាវិធីលាងឈាមត្រូវការម៉ាស៊ីន(Cycler) ដែលចាក់បញ្ចូលសារធាតុរាវចូលក្នុងពោះអ្នកជំងឺហើយបង្ហូរទឹកដែលពេញដោយកាកសំណល់ចេញមកវិញ។ គេច្រើនលាងតាមវិធីនេះក្នុងពេលយប់ ពេលដែលអ្នកជំងឺគេងលក់។
៦. ២. ២. លាងឈាម (Hemodialysis)
នេះជាវិធីលាងឈាមមួយដែលគេបូមឈាមចេញពីរាងកាយអ្នកជំងឺចូលទៅក្នុងម៉ាស៊ីនដែលមាននាទីដូចតំរងនោម ឬហៅថាតំរងនោមសម្បនិមិត្ត ដែលមានតំរងច្រោះពិសេសដើម្បីច្រោះកាកសំណល់សរីរាង្គ និងទឹកដែលលើសចេញ។ ដើម្បីបញ្ចូលឈាមទៅក្នុងម៉ាស៊ីនលាងឈាមនេះ (Diallyser) គេត្រូវចាក់ម្ជុលចូលក្នុងសសៃឈាមអ្នកជំងឺ។

Credit Photo: Porth’s Pathophysiology, Concepts of Altered Health States; 9th Edition
ការចាក់ម្ជុលចូលក្នុងសសៃឈាមនេះមាន៣ប្រភេទ។ ទី១ Arteriovenous Fistula or A-V fistula, ទី២ A-V graft គេចាក់ម្ជុលចូលក្នុងសសៃវ៉ែននៅត្រង់ក ឬក្រោមឆ្អឹងដងកាំបិតដើម្បីទុកប្រើក្នុងរយៈពេលខ្លី រង់ចាំដល់ A-V fistula or graft សះអាចប្រើបាន។ ក្នុងវិធីលាងឈាមនេះ គេត្រូវធ្វើការវះកាត់តូចមួយលើអ្នកជំងឺ ដែលជាទូទៅគេធ្វើនៅនឹងដើមដៃ។ វីធីលាងឈាមនេះអាចធ្វើបាននៅមន្ទីរពេទ្យ មជ្ឍមណ្ឌលលាងឈាម ឬនៅតាមផ្ទះ(មានម៉ាស៊ីននៅផ្ទះ)បាន។ ជាទូទៅ គេលាង៣ដងក្នុងមួយសប្តាហ៍ ម្តងៗមានរយៈពេលប្រហែល៤ម៉ោង។ ចំពោះអ្នកជំងឺដែលចង់លាងឈាមនៅផ្ទះអាចលាងច្រើនដង ពី៤ទៅ៧ដងក្នុងមួយសប្តាហ៍ តែពេលលាងម្តងៗមានរយៈពេលឆាប់ជាងលាងនៅមន្ទីរពេទ្យ។
៦. ៣. ការវះកាត់ប្តូរតំរងនោមថ្មី (Kidney Transplantation)
ការវះកាត់ប្តូរតំរងនោមថ្មីជាជំរើសរបស់អ្នកជំងឺតំរងនោមតំណាក់កាលចុងក្រោយ ក្នុងន័យចង់បន្តជីវិតរស់ ធ្វើឱយជីវិតប្រសើរឡើង និងមិនថ្លៃពេក។ នេះគឺជាតំណើរការវះកាត់ដែលក្រុមគ្រូពេទ្យវះយកតំរងនោមដែលខូចចេញ ហើយដាក់ជំនួសតំរងនោមល្អ ដែលបានមកពីសប្បុរសជនដែលនៅរស់ ឬស្លាប់បាត់ទៅហើយ ជំនួសវិញ។ គ្រូពេទ្យចាំបាច់ត្រូវពិនិត្យក្រុមឈាមរបស់អ្នកជំងឺ និងសប្បុរសជនឱយត្រូវនឹងគ្នា។ គ្រូពេទ្យត្រូវប្រើថ្នាំបញ្ចុះសកម្មភាពប្រព័ន្ធការពារខ្លួនរបស់អ្នកជំងឺឬអ្នកទទួលតំរងនោមដើម្បីការពារកុំឱយមានប្រត្តិកម្មប្រឆាំងនឹងតំរងនោមថ្មីនេះ។ ការវះកាត់ប្តូរតំរងនោមថ្មីដែលបានមកពីសប្បុរសជនដែលនៅរស់មាន HLA Antigen មិនត្រូវគ្នាច្រើនបានផលល្អក្នុងរយៈពេលយូរ ជាងតំរងនោមដែលបានមកពីសពដែលមាន HLA Antigen មិនត្រូវគ្នា។

Credit Photo: Mayo Clinic
មានផលវិបាកមួយចំនួនក្រោយពីវះកាត់ប្តូរតំរងនោមថ្មី។ ផលទាំងនោះមានដូចជា ប្រត្តិកម្មប្រឆាំងនឹងតំរងនោមថ្មីមានពី១០ទៅ៣០% tubulo-interstitial fibrosis, scarring,sclerosis and vasculopathy, infection (susceptibility to opportunistic infection, notably Cytomegalovirus and Pneumocystis Carinii), malignancy (lymphoproliferative disorders associated with Epstein-Barr virus)។
៦. ៤. របបអាហារ គ្រូពេទ្យណែនាំឱយអ្នកជំងឺដែលកំពង់លាងឈាមបរិភោគអាហារដែលសំបូរជាតិប្រូតេអ៊ីន បន្ថយអាហារដែលសំបូរជាតិសូដ្យូមឬអំបិល ជាតិផូស្វាត និងបន្ថយភេសជ្ជៈ។ ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត របបអាហារអាចត្រូវរឹតបន្តឹងច្រើនជាងនេះ។
ពត៌មានបន្ថែមស្តីពីការព្យាបាលជំងឺខ្សោយតំរងនោមរាំរៃ សូមចូលមើល៖
រៀបរាងដោយវេជ្ជបណ្ឌិត តាំង តេកហុង
ក្រុងចាកសុនវាល រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិច